Header Ads

តុលាការ​ខ្មែរ ជា​កន្លែង​លេង​«បាយ​ឡុក​បាយ​ឡ​របស់​ក្មេង​អវិជ្ជា»


ស្ថាប័នយុត្តិធម៌របស់ប្រទេស​ទាំងមូល ជា (ឬក្លាយជា) កន្លែងលេង​«បាយឡុកបាយឡរបស់ក្មេងអវិជ្ជា»។ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងដូច្នេះ ដោយហេតុថា តុលាការក្នុងប្រទេសកម្ពុជា មិនបានយកចិត្តទុកដាក់ ក្នុងការជួយដោះស្រាយ រកយុត្តិធម៌ឲ្យពលរដ្ឋរងគ្រោះទេ តែបែរជាបណ្ដោយឲ្យ«ក្មេងៗអវិជ្ជា»ប្រើប្រាស់ សម្រាប់«ប្ដឹងលេង ជាល្បែងកែកំសាន្ដ»។
លទ្ធផល​រូបភាព​សម្រាប់ thysovantha

ជាប្រតិកម្មដោយមិនផ្ទាល់មួយ ធ្វើឡើងដោយប្រធានគណបក្សអំណាចខ្មែរ បន្ទាប់ពីពាក្យបណ្ដឹងមួយ របស់អ្នកគាំទ្រចេញមុខម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មានតាមបណ្ដាញសង្គម ត្រូវបានដាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលម៉ិញ ក្រោមបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។ ដើមបណ្ដឹង ដែលគេស្គាល់ថា ជាកញ្ញា ធី សុវណ្ណថា «ចៅតា» និងជាម្ចាស់បណ្ដឹងជាច្រើនផ្សេងទៀត ដែលបណ្ដាលឲ្យមានការចាប់ចងមនុស្សជាច្រើន នៅក្នុងរយៈកាលកន្លងមក។
លទ្ធផល​រូបភាព​សម្រាប់ thysovantha-tatmarina
លោក សួន សេរីរដ្ឋា បានពន្យល់ថា៖ «តុលាការស្រុកខ្មែរ វាអស់ប្រសិទ្ធិភាព ក្លាយទៅជាកន្លែងលេងបាយឡុកបាយឡ របស់ក្មេងអវិជ្ជា ដោយសារ​តែ​ស្ថាប័ននេះ មិនបានយកចិត្តទុកដាក់ ជួយដោះស្រាយរកយុត្តិធម៌ ឲ្យពលរដ្ឋរងគ្រោះទេ បែជាបណ្តោយ ឲ្យក្មេងៗអវិជ្ជាប្រើប្រាស់ សម្រាប់ដាក់​ពាក្យប្តឹង​លេង ជាល្បែងកែកំសាន្ត»។
ប៉ុន្តែមិនមែន តែករណីបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា តែមួយនោះទេ តែនៅមានករណីរឿងរ៉ាវចាប់ផ្សឹក និងឃុំព្រះកាយ របស់ព្រះសង្ឃមួយអង្គ នៅក្នុងខេត្តបាត់ដំបងនោះផង។ ព្រះភិក្ខុ ហន សុផាន្នី សមាជិកបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយអង្គ ព្រះជន្ម២៤វស្សា ត្រូវ​បាន​លោក លី សុខា ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តបាត់ដំបង ចេញដីកា​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន នៅក្នុងពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២២ ខែមិថុនាកន្លងមក បន្ទាប់ពីព្រះអង្គត្រូវបានចាប់ផ្សឹក ដោយបង្ខំ កាលពីមួយថ្ងៃមុនរួច។
ការឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ បានធ្វើឡើង ក្រោម​ការ​ចោទប្រកាន់ ពីបទដឹកជញ្ជូន - កាន់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ដែលទំនងជាប់ទាក់ទង ទៅនឹងការបង្ហោះរូបថត និងសារចំអកលេងសើច របស់ព្រះភិក្ខុ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានខែមកហើយ។
ប្រធានគណបក្សអំណាចខ្មែរ បានសរសេរបន្តថា៖ «ដោយគ្រាន់តែលេងហ្វេសបុក ឌឺដងគ្នា លើសខ្វះពាក្យសំដី និងលេងកាំភ្លើងជ័រ ក៏ប្តឹងផ្តល់គ្នានៅតុលាការ ធ្វើដូចរឿងហ្នឹង វាធំដុំប៉ះពាល់អាយុជីវិត​មនុស្សរាប់រយនាក់។ តែដល់ដល់រឿងឧក្រិដ្ឋកម្ម ដល់ជីវិតមនុស្ស ដូចជាករណីបាញ់សម្លាប់ នៅផ្លូវវេងស្រេង ក្រោយព្រឹត្តិការណ៍បោះឆ្នោត ២០១៣ ករណីបាញ់សម្លាប់សកម្មជនសង្គម អ្នកវិភាគ មេដឹកនាំកម្មករ ដែល[ត្រូវបាន]បាញ់សម្លាប់ កណ្តាលក្រុងភ្នំពេញស្រស់ៗ គឺអូសបន្លាយពេលវេលា កាយកប់ ស្ទើរគ្រប់ករណី។»។
លោក សួន សេរីរដ្ឋា បានហៅតុលាការស្រុកខ្មែរ ថាជា«តុលាការក្បាលដែកគោល» ដែលចង់ធ្វើអ្វី ឬសម្រេចអ្វី ត្រូវរង់ចាំ«ញញួរនយោបាយ ពីមនុស្សអ្នកកាន់អំណាចសំពង ទើបហ៊ានកម្រើក»៕


No comments